ថ្ងៃនេះខ្ញុំបញ្ឃរភ្នែកតាំងពីម៉ោងបួនទាបភ្លឺ ក្នុងខួរក្បាលខ្ញុំមានតែពាក្យថា ១៤កុម្ភៈ…១៤ កុម្ភៈ…។
ដូចជាមិនគិតថាជាថ្ងៃពិសេសអ្វីទេ ប៉ុន្តែអារម្មណ៍នេះវាចេះតែជ្រួលជ្រើមតាមមជ្ឃដ្ឋានជុំវិញខ្លួនដូចចាប ផ្អើលទីងមោងអ៊ីចឹងទៅ។
ខុសពីសព្វមួយដង តាមដងផ្លូវចូលសាលាស្ទើរតែក្លាយទៅជាសួនផ្កាកុលាបទៅហើយ។
ខ្ញុំស្ពាយកាតាបបោះជំហានម្ដងលឿនម្ដងយឺតសំដៅទៅថ្នាក់ក្នុងទឹកមុខស្ញេញស្ញាញ។ ខ្ញុំងាកទៅឆ្វេងងាកទៅស្ដាំឃើញមិនតិចនាក់ទេដែលកាន់ទងផ្កា។ នោះ! កាតឿក្រាស(Crush)របស់ខ្ញុំតើ។ ខ្ញុំសារភាពពីរឆ្នាំហើយ តែគេធ្វើជាព្រងើយ។ ហើយនោះ! ពួកសក់បះប៉ុន្មាននាក់នោះកំពុង អូសក្រឡាហុចផ្កាឱ្យនាងឱ្យរពុយ។ អ៊ីចឹងរាល់តែឆ្នាំហ្នឹង! យ៉ាងហោចណាស់ នាងបានផ្កាតិចបំផុតក៏ម្ភៃទងដែរ។ នាងគ្មានកន្លែងណាគាប់ភ្នែកសោះ កន្ដឿដក់ដឿជាគ្នាកោតតែខ្ញុំស្រឡាញ់ទៅរួច។
«គេបានច្រើនណាស់ណ៎!» ខ្ញុំនិយាយទាំងគ្រពាត់ដៃម្ខាងទៅក្រោយ ហើយផ្អែកខ្នងទៅ ជាប់នឹងជញ្ជាំងថ្នាក់ លើកជង្គង់ម្ខាងបញ្ជច់មកមុខបន្ដិច រួចខាំធ្មេញថ្គាមបំបោងសាច់ដុំត្រង់ សៀតផ្កា ផតស្បែកថ្ពាល់ឱ្យចេញស្នាមខួចទាំងសង សោតឯបបូរមាត់ក៏វៀចខ្វេរទៅម្ខាង ក្នុង
ន័យឌឺដង។
«ច្រណែន? បើចង់បានសុំពួកប្រុសៗអស់ហ្នឹងដែរទៅ...» កាតឿ របស់ខ្ញុំនិយាយហើយ សើចកាច់កកាច់ស្រងដូចឆ្កួត។
«ដូចឆ្កួតអ៊ីចឹង!» (ខ្ញុំនិយាយហើយធ្វើមាត់ច្របូញវៀចទៅឆ្វេងបន្ដិចស្ដាំបន្ដិច ភ្នែកព្រិចបើកៗ ព្រោះខំទប់អារម្មណ៍ខ្លាចផ្ទុះសំណើចដូចឆ្កួតតាមកាតឿដែរ)
កាតឿធ្វើមាត់ពេបច្រវាប ហើយលើកទងផ្កាមកជន្លខ្ញុំ។
ដូចជាស្ងាត់! ប៉ុន្មាននាក់នោះវាដើរចែកផ្កាឱ្យសិស្សស្រីៗថ្នាក់ផ្សេងអស់ហើយ។ មិនដឹងជា មាន Crush ប៉ុន្មាននាក់ទេ មើល៍ឡើងវ៉ល់ពេញហ្នឹង។ មានឱកាសល្អ ខ្ញុំក៏ទាញទងផ្កាមកពីក្រោយ ខ្នងហុចឱ្យ កាតឿ។
«ហក៎» (ខ្ញុំហុចបែបហី!)
«ហក៎! ហក៎ មើលតែក្មេងហុចស្ករគ្រាប់ឱ្យគ្នា… ហើយពណ៌ដដែលៗឱ្យរាល់តែឆ្នាំ» (កាតឿ ទទួលយកទាំងររអ៊ូ។)
«គ្មានទឹកចិត្តឯណាផ្អែមល្ហែមអីទេ បើអ្នកផ្សេងឱ្យឡើងមួយឱបហើយហ្នឹង»
កាតឿ មើលទៅបាច់ផ្កា ហើយសម្រួលស្បែកមុខដែលលេងសើចមុននេះ មកជារាបស្មើ បែបសាច់ការបន្ដិច។
«ទទួលបានពេលនៅរស់ ក៏វាប្រសើរជាងពេល…! »។
«មានរឿងអី?» ខ្ញុំសម្រួលទឹកមុខឱ្យស្មើ ដាក់ដៃឱ្យត្រង់ ព្រោះឃើញទុក្ខសោក អ្វីម្យ៉ាងលេចឡើងពីក្នុងចិត្តនាង។
កាតឿ សើចស្ញាញបិទបាំងសរសៃរឈាមក្រហមឆ្មាដែលលេចឡើងលើភ្នែកនាង។
«សួរដូចមែនទែន និយាយលេងហ្នឹងណា៎» នាងនិយាយហើយក៏ដើរទៅវឹង ទៅទាញ យកកុលាបសមួយបាច់ធំនៅលើតុរួចក៏ដើរចេញមកវិញទាំងបង្ហើរសំឡេងដាក់ខ្ញុំតិចៗ ស្ទើរស្ដាប់មិនបាន។
«ម៉ោងគណិតនេះខ្ញុំមិនបាននៅរៀនទេ! ប៉ុន្តែចាំខ្ញុំណា៎ ថ្ងៃនេះខ្ញុំមានរឿងនិយាយជាមួយ» (និយាយហើយក៏ឱបផ្កាចេញទៅបាត់)
ខ្ញុំមើលទៅនាងឡើងស្លឺ ហើយឆ្ងល់សន្ធឹកពីរឿងផ្កាមួយបាច់ធំនោះ។ អ្នកណាទិញឱ្យនាងទៅណ៎? ហើយគេចម៉ោងរៀនចង់ទៅណា? កាន់តែផ្ដេសផ្ដាស់មែនទែនហើយ។
នោះ! នាងជិះម៉ូតូចេញទៅហើយ មិនត្រូវជាអ្វីពិសេសនឹងគ្នាទេ តែអ្វីម្យ៉ាងទាញជើង ខ្ញុំឱ្យបោះជំហានទៅមុខយ៉ាងលឿន ហើយបញ្ឆេះម៉ូតូដេញតាម កាតឿ ពីក្រោយផងដែរ។ មិនដឹង ជានាងឃើញខ្ញុំឬអត់ផង ព្រោះខ្ញុំមិនហ៊ានជិះទៅកៀក ខ្លាចនាងជេរថាចេះដឹងរឿងនាងខុសទំនង។ នោះ! ដល់នោះហើយ! នាងឡើងស្ពានអាកាស ៥មករា ក្បែរសាលាតិចណូហើយ។ អូ៎ គេឈប់ស្ដុប… ចុមស៊ីញ៉ូបត់ឆ្វេងសំដៅទៅផ្លូវរថភ្លើង។ ហើយទៅធ្វើអី? កន្លែងហ្នឹងឡើងស្ងាត់។ ព្រះ! ណាត់គ្នានៅក្នុងវត្តនាគវ័ន្តទេដឹង? ខ្វះកន្លែងណាស់ឬ? ឬក៏ផ្ទះសំណាក់សណ្ឋាគារពេញអស់ហើយ? នាងដាក់ចន្ទល់ម៉ូតូ ហើយទាញបាច់ផ្កាដើរទៅម្ខាង ចូលតាមប្រឡោះចេតី។ ខ្វះកន្លែង! ខ្វះកន្លែងណាស់ទៅឬលោកអើយលោក!លោកវត្តនាគវ័ន្ត ខ្ញុំមួរម៉ៅណាស់។ អូ៎! នាងដាក់ផ្កានោះនៅមុខចេតី ហើយលត់ជង្គង់ចុះ ខ្ញុំលបមើលពីម្ខាងហើយសម្រួលអារម្មណ៍ ព្រោះគ្មានឃើញអាម្សៀតណាមករកនាងសោះ។
«ម៉ាក់!...» ពាក្យមួយនេះស្រូបទាញទឹកភ្នែកនាងឱ្យទម្លាក់ខ្លួនចុះហើយបំបែកខ្លួនខ្ចាយលើស្រទាប់កុលាបពីមុខនាង។
«ខ្ញុំយកផ្កាមកជូនម៉ាក់! ថ្ងៃនេះជាថ្ងៃនៃក្ដីស្រលាញ់!... កូនសុំទោសម៉ាក់... ម៉ាក់គួរតែ បានផ្កានៃក្ដីស្រលាញ់ពេលដែលម៉ាក់នៅរស់ តែពេលនេះកូនអស់ឱកាសហើយ…ជូនផ្កាពេលម៉ាក់ឃ្លាតនេះវាគ្មានន័យអ្វីសោះ។ វាគ្រាន់តែជាក្ដីអាឡោះអាល័យ ជាផ្កានៃវិប្បដិសារីក្នុងន័យកំដៅចិត្តកូនតែប៉ុណ្ណោះ។ វាឥតន័យអ្វីសោះសម្រាប់ម៉ាក់ដែលមិនដឹងជាហោះហើរទៅណាហើយនោះ។» នាងបញ្ចប់ឃ្លានេះ ទាំងអួលអាក់ ជំនួយមកវិញដោយសំឡេងខ្សឹកខ្សួលអួលផ្សារ ទាំងមិនដឹងខ្លួនសោះថាបុរសម្នាក់នេះកំពុងពួននៅពីក្រោយ ទុក្ខសោករបស់នាង។
«ផ្កាពេលនៅរស់ៗៗៗ!» ឃ្លានេះឮរងំក្នុងចិត្តខ្ញុំ ឮខ្លាំងឡើងៗ ខ្ទ័រឡើងៗ រហូតរំកិលខ្លួនខ្ញុំ ឱ្យមកដល់ផ្ទះវិញទៅហើយ។
ព្រះអាទិត្យត្បុរចូលរន្ធបាត់ទៅហើយ! ខ្ញុំបើកទ្វារផ្ទះយឺតៗទាំងលាក់អ្វីម្យ៉ាងខាងក្រោយខ្នង ភ្នែកមើលទៅខាងមុខឃើញបងស្រីកំពុងរៀបចំចង្ក្រានជើងឆ្នាំងនៅខាងក្នុង។
«ឆាប់មកម្ល៉េះ? រៀបចំញ៉ាំំបាយឱ្យបានពីថ្ងៃពីភ្លឺ បងមានការចេញទៅក្រៅ»
«Dating?» (ខ្ញុំនិយាយទាំងញញឹមខ្ជឹប ដៃម្ខាងគ្រពាត់ទៅក្រោយដដែល)
«បងមិនព្រើលដូចក្មេងសម័យឯងទេ»
ខ្ញុំទាញកុលាបពីក្រោយខ្នងហុចឱ្យបងស្រី។
«ខ្ញុំជូនបង» បងស្រីមើលហើយញញឹម តែខំសម្រួលមាត់ធ្វើជាធម្មតា។
«បង្ហិនលុយ!»
ខ្ញុំទាញថង់ធំដែលមានអក្ស mekhalastore ចេញ ហើយហុចឱ្យបងស្រី។
«ស្អីហ្នឹង!»
«បងលមើលល្មមអត់!»
បងស្រីទាញស្បែកជើងម៉ាក Emporio Armani និងនាឡិកាដៃម៉ាក CalvinKlein ចេញពីក្នុងថង់។
«ទុកលុយរៀនសូត្រទៅអត់ទេ ហើយអស់ប៉ុន្មាន?»
«ទឹកចិត្តធំជាងទឹកលុយ បងសួរតម្លៃធ្វើអី បើខ្ញុំមិនទិញឱ្យ បងក៏ទិញខ្លួនឯងដដែលហ្នឹង។ មនុស្សយើងគួរតែបង្ហាញក្ដីស្រឡាញ់ឱ្យគ្នាពេលនៅមានឱកាសមែនទេ?»
បងស្រីប្រុងនឹងហើបមាត់សួរខ្ញុំបន្ដ ទូរសព្ទខ្ញុំក៏រោទិ័ឡើង ខ្ញុំភ្ញាក់ដូចខ្ទួយទិច ព្រោះជាលេខ កាតឿ។
ល្ងាចជ្រេទៅហើយ ខ្ញុំដើរទៅរកកាតឿនៅកៀនម្ខាងនៃសាលាទាំងឆ្ងល់ប្រុងនឹងសួរថា មានការអី តែនាងបែរជាស្រែកដាក់ខ្ញុំបានមុន។
«ប្រាប់ឱ្យចាំ! មានរឿងត្រូវនិយាយ ស្រាប់តែទៅផ្ទះបាត់។»
«ឥឡូវមកហើយតើ ហើយមានរឿងអី?»
កាតឿស្រាប់តែងាកទៅម្ខាងហើយលើកកុលាបសរស់មួយផើងហុចឱ្យខ្ញុំហើយនិយាយទាំងឈ្ងោកមុខស្ទើរស្ដាប់ មិនចង់ឮ។
«ហក៎កុលាបរស់! ដាក់ជីស្រោចទឹកឱ្យល្អ រស់បានរាប់ឆ្នាំ!... ប្រឡងឱ្យបាននិទ្ទេសល្អណា៎!...ខ្ញុំចាំយើង»
និយាយហើយក៏រត់ហេទៅបាត់ ដូចគេលេងដេញចាប់គ្នា។ ឯខ្ញុំបានត្រឹមតែឈរទ្រឹង គាំង និយាយលែងចេញ ព្រោះខ្ញុំរង់ចាំពាក្យនេះពីរឆ្នាំមកហើយ។ កាតឿអើយ កាតឿ ធ្វើស៊ីផ្លូវអារម្មណ៍ខ្ញុំសម្បើមណាស់៕